យុទ្ធនាការធំមួយរៀបចំឡើងដើម្បីប្រមូលថវិកា ឲ្យបាន ១ម៉ឺន៥ពាន់ដុល្លារ សម្រាប់ជួយសង្គ្រោះគ្រូបង្ហាត់ឆ្កែរបស់កម្ពុជាល្បីលំដាប់ពិភពលោក ដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីចុងខែសីហា កន្លងទៅ។ យុទ្ធនាការនេះ ផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុន Sabay និង គាំទ្រដោយ ធនាគារ ព្រីនស៍ ដែលប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយនៅ TLJ ព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨។
លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯពិធីសន្និសីទកាសែតថា ការបង្កើតមូលនិធិជួយព្យាបាលជំងឺ លោកហ៊ិន រតនា គ្រូបង្វឹកឆ្កែល្បីពេញពិភពលោក គឺ Sabay ចង់ចូលរួមការងារសង្គមផង និងចង់ផ្លាស់ប្ដូរការគិតពីអវិជ្ជមានមកជាវិជ្ជមាន បែបប្រមូលជាកម្លាំងទាំងអស់គ្នាដើម្បីសង្គ្រោះជីវិតមនុស្សម្នាក់ ឬប្រជាជនខ្មែរម្នាក់ដែលជាប្រជាជនគំរូ។ “យើងដឹងហើយថា លោករតនាជាមនុស្សល្អ ប្ដីល្អ ឪពុកល្អ ហើយក៏ជាពលរដ្ឋល្អ ដែលបានចូលរួមជួយសង្គម"។
លោក ជី សិលា បានបន្ថែមថា ក្រោយពីលោកហ៊ិន រតនា ជួបគ្រោះថ្នាក់ចរាចរណ៍អ្នកប្រើប្រាស់បណ្ដាញសង្គមបានចែករំលែកទាំងយោបល់ ថវិកា និង ការអាណិតអាសូរជាច្រើន ដូច្នេះហើយ Sabay ផ្ដើមចេញជាសកម្មភាពបន្ថែមទៀត ពីការត្រឹមអាណិត ដោយចូលរួមស្វែងរកមូលនិធិជួយលោករតនា ដែលកំពុងសម្រាកព្យាបាល និងប្រឈមនៅការវះកាត់ឆ្អឹងខ្នង ដែលកំពុងត្រូវការលុយច្រើនថែមទៀត។
នៅក្នុងការចាប់ផ្ដើមស្វែងរកមូលនិធិនេះ លោក ជី សិលា បានបញ្ជាក់ថា Sabay នឹងចូលរួមចំនួន ៥ពាន់ដុល្លារ បូកនឹងធនាគារ Prince ៥ពាន់ដុល្លារ ហើយនៅសល់ប្រមាណជា ៥ពាន់ដុល្លារទៀតគ្រប់ ១ម៉ឺន៥ពាន់ដុល្លារ គឺជាការចូលរួមរបស់មហាជន ដើម្បីជួយសម្រាលការខ្វះខាតនៃការចំណាយដ៏ច្រើនរបស់លោក រតនា។
ចំពោះពេលវេលានៃការកំណត់នៃការបរិច្ចាគមិនមានឡើយ ប៉ុន្ដែលោក ជី សិលា បានបន្ថែមថា ប្រសិនការប្រមូលបានកាន់តែលឿនកាន់តែល្អ ហើយប្រសិនបើលើសខ្ទង់ការកំណត់ខាងលើក៏ល្អដែរ ព្រោះស្ថានភាពលោករតនា នៅត្រូវការចំណាយព្យាបាលច្រើន។
លោក ប៊ិន ដេវិន នាយកប្រតិបត្តិអាជីវកម្ម នៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ដែរថា ធនាគារ ព្រីនស៍ ក៏បានចូលរួមវិភាគទាននេះ ក្នុងន័យចូលរួមការងារសង្គម ដែលធនាគារបានចូលរួមថវិកាប្រមាណជា ៥ពាន់ដុល្លារ នៅក្នុងមូលនិធិនេះ ដោយសង្ឃឹមថា លោកហ៊ិន រតនា នឹងឆាប់ជាសះស្បើយ អាចវិលត្រឡប់មកធ្វើការងារដូចធម្មតាក្នុងពេលឆាប់ៗនេះ។
លោក ហ៊ិន រតនា ជាកូនកាត់ខ្មែរ អាម៉េរិកាំង និងជាគ្រូបង្វឹកឆ្កែដ៏ល្បីរបស់កម្ពុជារហូតដល់ពិភពលោក កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ បានរងគ្រោះដោយរថយន្តបុក និងកិនជាហេតុនាំឲ្យរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ។
ទាក់ទងនឹងស្ថានភាព លោក ខ្លេង សុខហ៊ ត្រូវជាបងថ្លៃ លោក ហ៊ិន រតនា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោករតនា បានធូរស្រាលបន្តិចដោយអាចធ្វើចលនាបានខ្លះៗ ប៉ុន្ដែ បញ្ហាឆ្អឹងខ្នងប្រឈមនឹងវះកាត់ទៀត ដោយក្រុមគ្រូពេទ្យថា គេរកឃើញមានទឹកដក់ក្នុងឆ្អឹងខ្នង ហើយជើងឆ្វេងនៅខ្សោយខ្លាំង ហើយការវះកាត់ត្រូវការចំណាយថវិកាច្រើន។
ចុចអាន៖ ស្ថានភាពរបួស គ្រូបង្វឹកឆ្កែដ៏ល្បី ធូរស្រាលបន្តិចហើយ ក្រោយព្យាបាលអស់យ៉ាងច្រើន
ចាប់តាំងពីលោក ហ៊ិន រតនា បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតមកទល់នឹងពេលនេះ បានចំណាយប្រាក់អស់ប្រមាណចន្លោះពី ៨-១០ ម៉ឺនដុល្លារហើយ ហើយស្ថានភាពគ្រួសារនៅមានបញ្ហាជីវភាព ដោយបានដាក់ផ្ទះបញ្ចាំយកប្រាក់ទៅព្យាបាលលោករតនា។
ឆ្លើយតបនឹងការលំបាកជីវភាពគ្រួសារលោកហ៊ិនរតនា ខាងលើនេះ ក្រុមហ៊ុន Sabay និងធនាគារ ព្រីនស៍ បានប្រកាសជួយថវិកាអង្គភាពខ្លួនផង និង បង្កើតមូលនិធិឲ្យមហាជនចូលរួមជួយបន្ថែមឲ្យបានសរុបចំនួន ១ម៉ឺន៥ពាន់ដុល្លារ ឬលើសពីនេះ។
ដូច្នេះប្រសិនបើប្រិយមិត្តចង់បរិច្ចាគជួយ លោកគ្រូបង្វឹកឆ្កែល្បីល្បាញរូបនេះ អាចផ្ញើតាមរយៈគណនីវីង Hin Rattana 00543601៕
ទស្សនាវីដេអូ