ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានបើកដំណើរការជាផ្លូវការនូវសាខាទី៧ របស់ខ្លួនក្នុងខេត្តព្រះសីហនុដែលស្ថិតនៅតាមបណ្ដាយផ្លូវឯករាជ្យចម្ងាយប្រមាណ ១,៥ គម ពីរង្វង់តោពីរ ក្រោមអធិបតីភាព លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី។
នៅក្នុងឱកាសនៃការបើកសម្ពោធនេះ លោក ហ៊ន់ សុរចនា បានមានប្រសាសន៍ថា “ដោយមើលឃើញពី កំណើនសេដ្ឋកិច្ចដែលកំពុងរីកលូតលាស់ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត គ្រឹះស្ថានក៏បានពង្រីកបណ្តាញសាខាមកទីនេះដើម្បីផ្តល់សេវាឥណទានដល់អតិថិជនសម្រាប់ការវិនិយោគពង្រីកអាជីវកម្ម ក៏ដូចជាបំពេញតម្រូវការចាំបាច់នានាក្នុងការរស់នៅ។”
ដោយឡែក នៅពេលល្ងាចក៏មានពិធីលាងសាយភោជននៅសណ្ឋាគារសុខាដែលមានការចូលរួមដោយថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិករបស់ព្រីនស៍ ហ្វាយនែន ភីអិលស៊ី សាខាខេត្តព្រះសីហនុ ដើម្បីធ្វើការសំណេះសំណាលណែនាំអំពីទស្សនៈវិស័យ និងបេសកម្មរបស់គ្រឹះស្ថានដល់បុគ្គលិកផងដែរ។
ព្រីនស៍ ហ្វាយនែន ភីអិលស៊ី សាខាខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការដោយផ្តល់ជូនអតិថិជននូវសេវាកម្មឥណទាណដូចជា ឥណទានអាជីវកម្ម ឥណទានគេហដ្ឋាន និងឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ជាមួយនឹងលក្ខខណ្ឌនៃការសងត្រលប់មានជម្រើសច្រើន អត្រាការប្រាក់សមរម្យ ឥណទានរហ័សទាន់ចិត្ត និងរយៈពេលឥណទានបត់បែនតាមតម្រូវការជាក់ស្តែងរបស់អតិថិជន។
សាខាខេត្តព្រះសីហនុ គឺជាសាខាទី៧ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ហើយសាខាទី៨ និងទី៩ ក៏កំពុងបើកដំណើរការផងដែរ គឺសាខាក្រុងតាខ្មៅ និងសាខាព្រែកលៀប។ ចំណែកឯសាខា៦ផ្សេងទៀតរបស់គ្រឹះស្ថានមានដូចជា៖ សាខាទីស្នាក់ការកណ្តាល សាខាទួលសង្កែ សាខាចោមចៅ សាខាខេត្តបាត់ដំបង សាខាខេត្តសៀមរាប និងសាខាខេត្តកំពង់ចាម។ គ្រឹះស្ថាននឹងបន្តធ្វើការពង្រឹង និងពង្រីកទីផ្សារទៅកាន់បណ្តាខេត្តសក្តានុពលមួយចំនួនទៀតនៅក្នុងឆ្នាំ២០១៨ ដោយប្រកាន់ភ្ជាប់នូវទស្សនវិស័យ “ជាស្ថាប័នហិរញ្ញវត្ថុជម្រើសទី១ របស់អតិថិជនជានិច្ច” ជាមួយនឹងបេសកម្ម“ជួយឲ្យអតិថិជនជោគជ័យតាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជិវៈ”។